
ព្រះសីហនុ ៖ ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និង សម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីឆ្នាំសកល ២០១៧ នៅខេត្តព្រះសីហនុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលាចំនួន ៦ នៅក្នុងខេត្តព្រះសីហនុ ដោយបានផ្តល់អគារសិក្សា ទីចាត់ការ និង អគារស្នាក់នៅសម្រាប់គ្រូៗ ចំនួន ១៥ ខ្នង ស្មើនឹង១៩៦បន្ទប់ រួមទាំងជួសជុលទីធ្លាសាលាតារាងបាល់ទាត់និងឧបត្ថម្ភដំណើរកម្សាន្តផងដែរ ដែលជាកាដូឆ្នាំថ្មី២០១៧។
នៅក្នុងខេត្តព្រះសីហនុសម្តេចតេជោ បានចុះទៅកាន់សាលាគរុកោសល្យនិងវិក្រិតការខេត្តព្រះសីហនុ ដែលស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់ ៤ ជាន់ ស្មើនឹង៣២បន្ទប់, ទីចាត់១ខ្នងមាន៣បន្ទប់, អគារស្នាក់នៅរបស់សិស្ស១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់ ,ផ្ទះគ្រូ១ខ្នងកម្ពស់២ជាន់មាន១០បន្ទប់ រួមទាំងធ្វើខ្លោងទ្វារសាលា, តារាងបាល់ទាត់ និងផ្តល់ជូននូវដំណើរកម្សាន្តទៅលេងសៀមរាប នៅខែមករាខាងមុខនេះ ទាំងគរុកោសល្យ និងបឋមសិក្សានិងគ្រូ។
បន្ទាប់មកសម្តេចតេជោបានធ្វើដំណើរទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ, នៅសាលានោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជូនអគារ១ខ្នងកម្ពស់៤ជាន់ មាន២៤បន្ទប់, អគារស្នាក់នៅគ្រូ១ខ្នង កម្ពស់៤ជាន់ មាន១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងផ្តល់ជូនកុំព្យូទ័រ១០០គ្រឿងផងដែរ។
តមកសម្តេចតេជោបានទៅកាន់សាលាបឋមសិក្សាអនុវត្តន៍ក្នុងខេត្តព្រះសីហនុ។ នៅទីនោះសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវអគារ សិក្សាថ្មី១ខ្នងកម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងជួសជុលអគារចាស់ៗ។
សម្តេចក៏បានបន្តដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែនក្រុង ខេត្តព្រះសីហនុ។ នៅសាលានោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជូនអគារសិក្សា១ខ្នងកម្ពស់៣ជាន់ មាន៣០បន្ទប់, ទីចាត់ការ១ខ្នងមាន៣បន្ទប់ និងធ្វើតារាងបាល់ទាត់ និងបាល់បោះ។
នៅអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ សម្តេចនាយករដ្ឋមន្ត្រីបានផ្តល់ជូនតារាងបាល់ទាត់ បាល់ទះ និងបាល់បោះកុំព្យូទ័រ២៤គ្រឿង និងម៉ាស៊ីនព្រីន២គ្រឿង។
នៅចុងក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានទៅកាន់សាលាបឋម និងអនុវិទ្យាល័យកម្មករ ក្រុងព្រះសីហនុ។ នៅសាលានោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជូនអគារសិក្សាចំនួន២ខ្នង ដោយ១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និង១ខ្នងទៀត កម្ពស់៣ជាន់មាន១៥បន្ទប់ សាងសង់ទីចាត់ការបឋមសិក្សា និងអនុវិទ្យាល័យ២ខ្នង មាន៦បន្ទប់ ផ្តល់ជូនកុំព្យូទ័រ៤គ្រឿង ម៉ាស៊ីនព្រីន២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង ព្រមទាំងធ្វើរបង និងខ្លោងទ្វារថ្មីផងដែរ៕

កម្ពុជាថ្មី
ណារី
No comments:
Post a Comment