
ភ្នំពេញ៖ ពេញមួយឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាពោរពេញទៅដោយកំហឹងដាក់គ្នា ជាងការផ្អែមល្អែមជាមួយគ្នា រវាងអ្នកនយោបាយដែលមានអាសនក្នុងរដ្ឋសភា។ហើយបើនិយាយពីផលអវិជ្ជមាននយោបាយវិញ គេសង្កេតឃើញថា មានភាពតានតឹងយ៉ាងខ្លាំងរហូតដល់មានអ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជន ជាប់ឃុំខ្លួនជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៦នេះ ។
បើសិនជាលោកអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាប់លាប់នោះ លោកអ្នកប្រាកដជានឹកឃើញបរិយាកាសនយោបាយតានតឹងដែលកើតចេញពីជម្លោះរបស់អ្នកនយោបាយនៅក្នុងឆ្នាំ២០១៦។ ដោយមិននិយាយពីការឃុំខ្លួនសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ និងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារតាំងឆ្នាំ២០១៥នោះ ឆ្នាំ២០១៦នេះ ដូចជាមិនមែនជាឆ្នាំល្អសម្រាប់គណបក្សសង្គ្រោះជាតិសោះ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចឃាត់ឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៦។ ក្រោយពីបន្តនីតិវិធីជំនុំជម្រះអស់ជាច្រើនខែ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចសាលក្រមផ្តន្ទាទោសលោក អ៊ុំ សំអាន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀលកាលពីខែតុលា ឆ្នាំ២០១៦ ក្រោមបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោកស្រី ថាក់ ឡានី សមាជិកាព្រឹទ្ធសភា ពីគណបក្ស សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីអ្នកស្រី ចោទរដ្ឋាភិបាលថា នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។ បណ្តឹងនេះ ត្រូវបានប្តឹងដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្រៅពីផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចៅក្រមជំនុំជម្រះ ក៏បានតម្រូវឲ្យលោកស្រី ថាក់ ឡានី បង់ប្រាក់ចំនួន៨លានរៀល ចូលរដ្ឋ និងបង់ត្រឹម១០០រៀល ដល់សម្តេច ហ៊ុន សែន ផងដែរ ដើម្បីជាការសងជំងឺចិត្ត។
ចំណែកឯ ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងគេចខ្លួននៅក្រៅប្រទេសបានរងនូវបណ្តឹងចំនួន ៥ តែម្នាក់ឯង នោះត្រូវបានរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ដាក់បម្រាមមិនឲ្យចូលស្រុកវិញឡើយ។
ងាកមកបន្តករណីមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា, លោក ណៃ វង់ដា, លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី មន្ត្រីអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក នី ចរិយា ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារវិញ ត្រូវបានតុលាការចោទប្រកាន់ពី«បទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប រងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធនិងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និងឯកឧត្តម កឹម សុខា ។
សំណុំរឿងខាងលើនេះ ក៏បានទាញមេឃុំគណបក្សសមរង្ស៊ី លោក ស៊ាង ចែត ត្រូវឃាត់ឃុំខ្លួនជាច្រើនខែ ក្រោមបទចោទ«សូកប៉ាន់សាក្សី»។ រីឯឯកឧត្តម កឹម សុខា បានឃុំខ្លួនឯងនៅទីស្នាក់ការគណបក្សអស់រយៈពេល៦ខែដែរ ក្រោយពីតុលាការចោទប្រកាន់ពីបទ«បដិសេធក្នុងការចូលខ្លួន» ក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធកញ្ញា ស្រីមុំ នេះ។ ឯកឧត្តម កឹម សុខា និងលោក ស៊ាង ចែត ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក្រោយពីមានកិច្ចអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានអត្ថាធិប្បាយថា ភាពតានតឹងផ្នែកនយោបាយបានកើតចេញពីជម្លោះនៃអ្នកនយោបាយ ខណៈគណបក្សកាន់អំណាចបានអះអាងថា ករណីខាងលើទាំងនេះ សុទ្ធតែករណីផ្លូវច្បាប់តែប៉ុណ្ណោះ។
អ្នកវិភាគ ស្នើឲ្យអ្នកនយោបាយប្រកាន់យកគោលនយោបាយចាស់ទុំចេះអធ្យាស្រ័យគ្នា ហើយងាកមករួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងបញ្ហាជាតិដើម្បីការអភិវឌ្ឍប្រទេសជាតិ ឲ្យក្លាយទៅជាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដ៕
ថ្មីៗ
អត្ថបទ : ធឿន បញ្ញាឬទិ្ធ
No comments:
Post a Comment