ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ការចោទប្រកាន់​អំពី​ការរំលោភបំពាន​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​



បាងកក៖ លោកស្រី អង់​សាន ស៊ូ​ជី ប្រធាន​ក្រុមប្រឹក្សារដ្ឋ​និង​ជា​និមិត្តរូប​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​រិះគន់​ចំពោះ​ការបរាជ័យ​របស់លោក​ស្រី​ក្នុងការ​ដោះស្រាយ​អំពើហិង្សា ស្រប​ពេលដែល​យុទ្ធនាការ​យោធា​យក​ក្រុម​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជា​គោលដៅ​វាយប្រហារ បាន​បង្ក​ឱ្យ​មនុស្ស​រាប់ម៉ឺន​នាក់​ផ្លាស់ប្ដូរ​ទីលំនៅ​។​

លោក Zaw Htay សមាជិក​នៃ​គណៈកម្មាធិការ​ព័ត៌មាន​ការិយាល័យ​ក្រុមប្រឹក្សារដ្ឋ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ាន់​ម៉ា​ថា ការបង្កើត​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ថ្មី​នេះ​កំពុងតែ​ដំណើរការ​។​

​គណៈកម្មាធិការ​នេះ​នឹងត្រូវ​បង្កើតឡើង​ក្រោយពី​បង្កើត​គណៈកម្មការ​ប្រឹក្សា​រដ្ឋ Rakhine​ដែល​បាន​បង្កើតឡើង​កាលពី​ខែសីហា ក្រោម​ការដឹកនាំ​របស់​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ដែល​ថ្មីៗ​នេះ​លោក​បាន​សំដែង​«​ការព្រួយបារម្ភ​យ៉ាងខ្លាំង​»​ទៅលើ​អំពើហិង្សា​នេះ​។​

អំពើហិង្សា​កាន់តែ​កើនឡើង​

​អំពើហិង្សា​បាន​កើនឡើង​នៅ​រដ្ឋ Rakhine ភាគ​ខាងជើង ចាប់តាំងពី​មានការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ការពារ​ព្រំដែន​កាលពី​ថ្ងៃទី​៩ ខែតុលា ដែល​បាន​បណ្តាល​ឲ្យ​ទាហាន និង​ប៉ូលិស​ចំនួន​៩​នាក់​បាត់​បង់ជីវិត​។​

​ក្នុង​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ ក្រុម​យោធា​បាន​និយាយថា ជនសង្ស័យ​ថា​ជា​ជន​សកម្មប្រយុទ្ធ​ចំនួន​២៣៤​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ Rakhine ចាប់ពី​ថ្ងៃទី​៩​ដល់ទី​១៤ ខែវិច្ឆិកា ហើយ​ជនសង្ស័យ​៦៩​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​។ រដ្ឋាភិបាល​បាន​និយាយថា ជនសង្ស័យ​ជា​អ្នក​វាយប្រហារ​ជាង​២០០​នាក់​ទៀត​ត្រូវបាន​ឃុំខ្លួន​ចាប់ពី​ថ្ងៃ​១៤ ដល់​២៣​ខែវិច្ឆិកា​។​

​ក្រុមអ្នកវិភាគ​សន្តិសុខ​បាន​និយាយថា មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ទៅលើ​ការបង្កើន​សកម្មភាព​យោធា​នៅក្នុង​តំបន់ ដែល​ភាគច្រើន​ដោយសារតែ​ប្រវត្តិ​នៃ​ការប្រព្រឹត្ត​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​បន្ទាប់ពី​មាន​អំពើហិង្សា​ក្នុង​ឆ្នាំ​២០១២ ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​១២០.០០០​នាក់​ត្រូវបាន​បង្ខំ​ឲ្យ​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន ស្របពេល​ដែលមាន​របា​យ​ការណ៍​អំពី​ស្ថានភាព​រស់នៅ​របស់​ពួកគេ​គ្មាន​អនាម័យ និង​មានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​។​

​លោកស្រី Sidney Jones នាយក​វិទ្យា​សា្ថ​ន​សម្រាប់​ការវិភាគ​គោលនយោបាយ​នៃ​ជម្លោះ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហ្សា​ការ​តា​បាន​និយាយថា ការគំរាមកំហែង​ពី​ក្រុម Jihad អាច​នឹង​ក្លាយជា​សញ្ញា​នៃ​ការប្រែប្រួល​នៅក្នុង​តំបន់​នេះ​។​

​លោកស្រី​និយាយថា​៖ «​រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ក្រុម​សកម្មប្រយុទ្ធ​មូស្លីម​ណាមួយ​ស្មោះស្ម័គ្រ​ជាមួយ​ក្រុម jihad នៅឡើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ វា​ហាក់បីដូច​ជាមាន​ក្រុម​ណាមួយ​ចាប់ផ្តើម​ស្មោះស្ម័គ្រ​ហើយ​។ ការណ៍​នេះ​នឹង​អាច​ក្លាយជា​ការប្រែប្រួល​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​ជ្រុលនិយម​ក្នុង​ការមើលឃើញ​សក្តានុពល​នៃ​ការទទួលបាន​ក្រុម​ស្មោះស្ម័គ្រ​ណាមួយ​»​។​

ការរំលោភបំពាន​នានា​

​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា​បាន​ចោទប្រកាន់​អំពី​ការកើនឡើង​នៃ​ការរំលោភបំពាន​នានា រាប់បញ្ចូល​ទាំង​ការរំលោភ​ផ្លូវភេទ​ដោយ​កងកម្លាំង​មី​យ៉ាន់​ម៉ា និង​ការដុត​បំផ្លាញ​ផ្ទះសម្បែង​រាប់រយ​ខ្នង​ក្នុងអំឡុងពេល​ចុះបង្ក្រាប​ផងដែរ​។​

​លោកស្រី Chris Lewa សកម្មជន​សិទ្ធិមនុស្ស​នៃ​ក្រុម​តស៊ូ​មតិ​គម្រោង Arakan បាន​និយាយថា ប្រតិបត្តិការ​របស់រ​ដ្ឋា​ភិ​បាល​ដែល​អ្នកស្រី​ពិពណ៌នា​ថា​ជា​អំពើ​ដ៏​ឃោរឃៅ បាន​កើនឡើង​ចាប់តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក​។ លោកស្រី​បន្ថែមថា ការមិនទទួលបាន​ជំនួយ​មនុស្សធម៌​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​សហគមន៍​ទាំងអស់ ជាពិសេស​សហគមន៍​នៅក្នុង​តំបន់ Maungdaw ក្បែរ​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស​។​

​លោកស្រី​និយាយថា​៖ «​ការរំលោភបំពាន​មាន​លក្ខណៈ​ព្រៃផ្សៃ​ខ្លាំងណាស់ ហើយ​បញ្ហា​នៅក្នុង​តំបន់​នោះ គឺ​ការចូលទៅ​ជួយ​ប្រជាជន​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​និង​អ្នក​ដែល​មិន​ផ្លាស់ប្ដូរ​ទីលំនៅ​។ បញ្ហា​នេះ​មិនមែន​កើតឡើង​ចំពោះតែ​ប្រជាជន​ក្រីក្រ​ទេ គឺ​កើតឡើង​ចំពោះ​ប្រជាជន​ទូទៅ ពីព្រោះ​ពួកគេ​មិនអាច​ទទួលបាន​ជំនួយ មិនអាច​ទៅ​ផ្សារ និង​មិនអាច​ប្រមូល​ផល​បានទេ ហើយ​បញ្ហា​ទាំងអស់នេះ​នឹង​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​ជីវិត​មនុស្ស​»​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​រកឃើញថា អគារ​ចំនួន​៤៣០​ខ្នង​ត្រូវបាន​បំផ្លាញ​ក្នុងភូមិ​ចំនួន​៣ ដែល​ស្ថិត​នៅក្បែរ​តំបន់ Maungdaw ដែល​ការរកឃើញ​នេះ​ធ្វើឡើង​តាមរយៈ​ការប្រើប្រាស់​ឧបករណ៍​ថតរូប​ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយរណប​មាន​កម្រិត​រូបភាព​ច្បាស់​ខ្ពស់​។​

​លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​នេះ​បាន​ហៅ​ចំណាត់ការ​ឆ្លើយតប​រប​ស់​យោធា​ថា​ជា «​ប្រតិកម្ម​ហួសហេតុ​យ៉ាងច្បាស់​ក្រឡែត​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទាហាន​ភូមា​ទំនងជា​គ្មាន​ការដឹកនាំ​ត្រឹមត្រូវ ហើយ​ពួកគេ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ក្នុង​តំបន់​ទាំងនោះ ដោយ​បន្ត​យុទ្ធសាស្ត្រ​ដុតបំផ្លាញ និង​វាយប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​រូបភាព​តាម​ចាប់ខ្លួន​ជន​សកម្មប្រយុទ្ធ ប៉ុន្តែ​ជាក់ស្តែង​គឺជា​ប្រតិកម្ម​ហួសហេតុ​យ៉ាងច្បាស់​ក្រឡែត​របស់​ពួកយោធា​ភូមា ដែល​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​ជា​លក្ខណៈ​ប្រព័ន្ធ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»​។​

ការផ្ទៀងផ្ទាត់​

​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា សារព័ត៌មាន Irrawaddy បាន​ដកស្រង់​អត្ថាធិប្បាយ​របស់​បងប្អូន​ប្រុស​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ឥស្លាម​សម្រាប់​តំបន់ Maungdaw ដែល​បាន​និយាយថា «​អ្នកភូមិ​រាប់រយ​នាក់​» នៅ​តំបន់​ភាគ​ខាងជើង​ត្រូវបាន​សម្លាប់​កាលពី​ខែ​មុន នៅ​ស្របពេល​ដែលមាន​ការចោទប្រកាន់​ថា​មាន​ករណី​រំលោភ​ផ្លូវភេទ​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល​ផងដែរ​។​

​ក៏ប៉ុន្តែ និពន្ធ​នាយក​នៃ​សារព័ត៌មាន Irrawaddy លោក Aung Zaw បាន​និយាយថា វា​មាន​«​សារៈសំខាន់​ណាស់​»​ដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលទៅ​កាន់​តំបន់​នោះ​ដើម្បី​ផ្ទៀងផ្ទាត់​ទៅលើ​ការចោទប្រកាន់​ទាំងនោះ​។​

​លោក​បន្ថែមថា​៖ «​មាន​របាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី​នៅ​តំបន់​នោះ ដែល​ទាមទារ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់ ពីព្រោះ​ភាគី​ទាំងពីរ​សុទ្ធតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​។ ភាគី​រដ្ឋាភិបាល​ក៏បាន​បដិសេធ​លើ​ការរំលោភបំពាន​ទាំង​នេះដែរ​»​។​

​លោក Aung Zaw បាន​ប្រាប់ VOA ថា​៖ «​ផ្នែក​មួយទៀត​ដែល​គួរ​ផ្ទៀងផ្ទាត់​គឺថា តើ​មាន​ជនរងគ្រោះ​ដោយ​ការរំលោភ​ផ្លូវភេទ​ប៉ុន្មាន​នាក់ ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​មាន​ប៉ុន្មាន​នាក់ ហើយ​តើ​ផ្ទះសម្បែង​ប៉ុន្មាន​ខ្នង​ត្រូវបាន​ដុតបំផ្លាញ​? ប៉ុន្តែ​ករណីនេះ​ទាមទារ​ឲ្យ​មានការ​ពិនិត្យមើល​ដោយ​ប្រុងប្រយ័ត្ន ពីព្រោះ​ភាគី​ទាំងពីរ​សុទ្ធតែ​មានការ​ឃោសនា​រៀងៗ​ខ្លួន​ជាច្រើន​ដោយ​មិនបាន​ឈរលើ​មូលដ្ឋាន​ជាក់ស្តែង​នោះទេ​»​។​

​លោក​ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គិតគូរ​ផងដែរ​អំពី​ការមិនសប្បាយចិត្ត​រប​ស់​ពុទ្ធសាសនិក​ជុំវិញ​ការមិន​គិតគូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​តំបន់​ក្រីក្រ​បំផុត​ក្នុងប្រទេស​នេះ​។​

​លោក​បាន​បន្ថែមថា​៖ «​នៅពេល​បស្ចិមប្រទេស​និយាយ​អំពី​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ពួកគេ​និយាយ​តែ​ពី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​និង​ការបែកបាក់​គ្នា​យ៉ាងខ្លាំង​ប៉ុណ្ណោះ​។ យើង​កំពុង​ប្រែក្លាយ​ស្ថានភាព​នេះ​ឲ្យ​ធ្លាក់​ទៅក្នុង​យុគសម័យ​ដ៏​គ្រោះថ្នាក់​មួយ ពីព្រោះ​ការមើលឃើញ​របស់​ពួកគេ​ទៅលើ​តំបន់​នេះ មាន​ភាពខុសគ្នា​ដាច់ស្រឡះ ដូច​ពណ៌​ស​និង​ខ្មៅ​។ ពួកគេ​មិនបាន​និយាយ​អំពី​ភាព​អាច​រួមគ្នា​នៅ​តំបន់​នោះឡើយ​»​។​

​ស្រប​ពេលដែល​មានការ​បង្ក្រាប ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​នៅ​ជិតខាង ហើយ​ពួកគេ​ភាគច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់មកវិញ​។ សកម្មភាព​នេះ​ត្រូវបាន​អង្គការ​Amnesty International​ហៅថា​ជា «​ការបំពានច្បាប់​អន្តរជាតិ​យ៉ាង​ជាក់ស្តែង​»​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មនុស្ស​ប្រហែល​៥០០០​នាក់​បានធ្វើ​បាតុកម្ម​ត​វ៉ា​ក្នុង​រដ្ឋធានី​ដា​ក្កា​នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដើម្បី​ប្រឆាំង​ទៅនឹង​អំពើហិង្សា​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា «​ដោះស្រាយ​ទៅលើ​ការចោទប្រកាន់ថា​មានការ​បោសសម្អាត​ជនជាតិភាគតិច​នៅ​រដ្ឋ​Rakhine​ភាគ​ខាងជើង​ផងដែរ​»​។​

​សមាជិក​នៃ​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​លោក កូហ្វី អាណាន់ ក៏បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយនឹង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល​ពុទ្ធសាសនិក​និង​ថ្នាក់ដឹកនាំ​អ្នក​កាន់សាសនា​ឥស្លាម​ផងដែរ​។​

​គណៈកម្មការ​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ការពារ​ស្ត្រី​និង​កុមារ ក្នុងអំឡុងពេល​ដែលមាន​ប្រតិបត្តិការ​យោធា និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សញ្ជាតិ​ជូន​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​មិនទាន់មាន​រដ្ឋ​ណា​ទទួលស្គាល់​នៅឡើយ​នោះ​។​

​រដ្ឋាភិបាលកណ្តាល​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា​និង​សហគមន៍​ពុទ្ធសាសនិក​នានា​បាន​ប្រឆាំងនឹង​ការប្រើ​ពាក្យ «​រ៉ូ​ហ៊ីង​យ៉ា​» និង​ចង់​ឲ្យ​ប្រើពាក្យ​Bengali ជំនួស​វិញ​សម្រាប់​ជនជាតិ​មូស្លីម​ចំនួន​១,៣​លាន​នាក់​ដែល​កំពុង​រស់នៅក្នុង​តំបន់​ជាច្រើន​នៅ​រដ្ឋ Rakhine​ភាគ​ខាងជើង​នោះ​។​

​សហគមន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​ប្រឈម​នឹង​ការរើសអើង​កាន់តែ​ច្រើនឡើង ចាប់តាំងពី​ច្បាប់​មួយ​ដែល​អនុម័ត​នៅ​ឆ្នាំ​១៩៨២ បាន​ដក​សញ្ជាតិ​ពី​ពួកគេ​អស់​ជាច្រើន​នាក់​។ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ជាង​៨០០.០០០​នាក់​ក្នុង​រដ្ឋ Rakhine​គ្មាន​សញ្ជាតិ​នោះទេ​៕

ថ្មី​ៗ
អត្ថបទ : VOA

No comments: