រដ្ឋមន្ត្រី​ព័ត៌មាន រំពឹងថា នឹងមាន​រឿង​ល្អៗ នៅ​ទំព័រមុខ​កាសែត​



ភ្នំពេញ​: លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ឲ្យ​និពន្ធ​នាយកនៃ​សារព័ត៌មាន ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​គិតគូរ​ឡើងវិញមុននឹង​ការចេញផ្សាយ​នូវទំព័រមុខ​របស់​កាសែត ដោយ​លោក​សង្ឃឹមថា នឹង​មិនមាន​រូបភាព​អាក្រក់ រឿង​អាក្រក់​ទៀត ហើយនឹង​មានតែ​អ្នកធ្វើ​ល្អៗ​ជំនួស​វិញ​។​

ថ្លែង​ក្នុង​វេទិកា​និពន្ធ​នាយកសារព័ត៌មាន​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ពីអ្វីៗ ដែល​អាក្រក់​មកជា​រឿង​ល្អនៅ​ទំព័រមុខ​កាសែត​នោះ មិនមែន​ទំព័រមុខ សម្រាប់តែ​ជន​អាក្រក់​នោះទេ​។

​លោក​បាន​បន្តថា អ្នកកាសែត​ទាំងអស់ ត្រូវតែ​សរសេរ​វិភាគឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ផ្តល់​ទៅ​អ្នកអាន ឲ្យ​ស្របតាម​ការវិវឌ្ឍ​ន៍ស​ង្គ​ម ដែល​ត្រូវ​ផ្តល់​ដល់​មហាជន រដ្ឋាភិបាល មន្ត្រី​ជាការ​ផ្តល់​គំនិត ជា​យោបល់ ដើម្បី​ជំរុញ​ឲ្យ​មាន អ្នកអាន​វិភាគ​បាន​ច្រើន​។​

​ជាមួយគ្នា​នោះដែរ លោក​ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​លើកឡើងថា វេទិកា​និពន្ធ​នាយក ដែល​ធ្វើឡើងនាពេលនេះ ក្នុង​បំណង​ពង្រឹង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ របស់​អ្នកសារព័ត៌មានបន្ថែមទៀត នៅក្នុង​សម័យកាលសារព័ត៌មាន​បែប​ថ្មី ដែលមាន​ល្បឿន​លឿន និង​បាន​ដល់​មនុស្ស​ជាច្រើន នៅ​គ្រប់​ទីកន្លែង បាន​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម តាមរយៈ​មធ្យោបាយ​ផ្សេងៗ​។​

​លោក ប៉ែន បូ​ណា ក៏បាន​អំពាវនាវ​ដល់ ម្ចាស់​សារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ សហការ​បង្កើត​ក្រមសីលធម៌ សម្រាប់​យក​អនុវត្តន៍ ក្នុងការ​ប្រើប្រាស់ បណ្តាញ​ព័ត៌មាន​សង្គម ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​សុ​ខុ​ដុម​នីយកម្ម​សង្គម និង​ការអភិវឌ្ឍ ដោយ​ចៀសវាង​បាន នូវ​ការបែកបាក់ និង​ជម្លោះ​ផ្សេងៗ ក្នុងសង្គម ដោយសារតែ​សារព័ត៌មាន​។

​លោក បាន​បន្តថា សាធារណជន ពិសេស​អ្នក​ដែល​អះអាងថា ខ្លួន​ជា​អ្នកសារព័ត៌មាន​ពលរ​ដ្ឋ ដែល​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ត្រូវ​ជួយ​លើកស្ទួយ​វប្បធម៌ និង​ប្រពៃណីជាតិ ព្រមទាំង​សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​បុគ្គល គ្រួសារ សហគមន៍ និង​ស្ថាប័ន នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម ដើម្បី​កុំ​ឲ្យ​មាន​ទោសទណ្ឌ ក្នុងការ​ប្រើប្រាស់ បណ្តាញ​ព័ត៌មាន​សង្គម ខុសពី​ក្របខ័ណ្ឌ​ច្បាប់ របស់​ប្រទេស​។ អ្នកសារព័ត៌មាន មិនត្រូវ​សរសេរ​នូវ​សារ អត្ថបទ និង​រូបភាព ដែលមាន​លក្ខណៈ បែប​ញុះញង់ បញ្ឆេះ​កំហឹង អុជអាល ដែល​នាំ​ឲ្យ​មាន​ជម្លោះ​កាន់តែ​ធំ គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ប្រភព​អនាមិក នាំ​ឲ្យ​មានការ​ចលាចល ដល់​សង្គម​៕

CEN
ដោយ: ដាវុធ

No comments: