![]() |
| ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា |
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា រិះគន់ចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ចថា មិនមានភាពស្មើគ្នារវាងអ្នកមានអំណាចនិងប្រជាពលរដ្ឋ ដោយលោកបានលើកឡើងពីការអនុវត្តច្បាប់លើតំណាងរាស្រ្តគណបក្សប្រជាកម្ពុជា លោក ជាម យៀប និងលោក ឌិន វុទ្ធី មន្រ្តីគណបក្សប្រឆាំងក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។
លោក សួន សេរីរដ្ឋា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ការអនុវត្តច្បាប់រវាងលោក ជាម យៀប និងលោក ឌិន វុទ្ធី គឺមានស្តង់ដាពីរ ដោយលោកថា លោក ជាម យៀប បានបើកឡានបុកគេស្លាប់ហើយបើករត់គេចទៀតមិនត្រូវបានច្បាប់ដាក់ទោសនោះទេ។
ចំណែកមន្រ្តីគណបក្សសង្រ្គោះ លោក ឌិន វុទ្ធី ក្រោយកើតហេតុត្រូវសមត្ថកិច្ចដាក់ខ្នោះ ហើយត្រូវតុលាការខេត្តបន្ទាយមានជ័យចោទប្រកាន់ភ្លាមថែមទៀត។
លោកសរសេរថា៖ “ករណីនគរបាលចាប់លោក ឌិន ពុទ្ធី វាយខ្នោះដៃ ហើយភ្លាមៗតុលាការដាក់បទចោទ ប្រកាន់លោក ឌិន ពុទ្ធី ភ្លាមៗដែរនោះ ខ្ញុំអាចនិយាយថា វាជាការអនុវត្តច្បាប់ទៅចុះ ហើយខុសឬត្រូវ អ្នកណាខូច ឬអ្នកណាខុស គឺមហាជនបានមើលឃើញច្បាស់ជាងគេបំផុត។ ចុះករណីលោកតំណាងរាស្ត្រ ជៀម យៀប ដែលមានងារជាបណ្ឌិតរដ្ឋផងនិងជាសមាជិកសភា អ្នកធ្វើច្បាប់ផង ដែលកន្លងទៅអ្នកបើកបរឡានរបស់ខ្លួនបុកមនុស្សស្លាប់រួចបើកឡានរត់ទៀតនោះ ហេតុអ្វីក៏នគរបាលនិងតុលាការ មិនព្រមនាំគ្នាអនុវត្តន៍ច្បាប់ពង្រឹងច្បាប់? ហេតុអ្វីក៏បណ្តោយឲ្យជនល្មើសបន្តរស់នៅក្រៅសំណាញ់ច្បាប់? ករណីដូចគ្នាប្រព្រឹត្តិបទល្មើសដូចគ្នាហើយទំងន់នៃបទល្មើសធ្ងន់ជាងទៅទៀត ពីព្រោះបុកមនុស្សដល់ស្លាប់ ហើយបើកឡានរត់ទៀត។ ហេតុអ្វីមិនអនុវត្តន៍ច្បាប់? តើច្បាប់ត្រូវតែបែងចែកស្តង់ដានៃការអនុវត្តឲ្យដាច់ពីគ្នា រវាងអ្នកធំនិងពលរដ្ឋឬ?”។
កាលពីខែវិច្ចិកា ឆ្នាំ២០១៣ រថយន្តរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបង្កគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុនេះភ្លាម អ្នកបើកបររថយន្តនោះបានបើករត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់បានវិញ ដោយកាលនោះគេមិនឃើញសមត្ថកិច្ចដាក់ខ្នោះលោក ជាម យៀប ទេ ហើយតុលាការក៏មិនបានចោទប្រកាន់លោកដែរ។
ចំណែកមន្រ្តីគណបក្សសង្រ្គោះជាតិ លោក ឌិន ពុទ្ធី ត្រូវតុលាការខេត្តបន្ទាយមានជ័យចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីមានវីដេអូមួយចេញផ្សាយតាមហ្វេសប៊ុកដោយបង្ហាញថា មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តមន្រ្តីបក្សប្រឆាំង ខណៈនគរបាលរូបនោះឃាត់រថយន្តរបស់លោក ឌិន ពុទ្ធី។
លោក សួន សេរីរដ្ឋា មើលឃើញករណីនេះថា ច្បាប់អនុវត្តមានភាពលំអៀងរវាងមន្រ្តីបក្សកាន់អំណាចនិងមន្រ្តីបក្សមិនកាន់អំណាច ដែលលោកថាច្បាប់ត្រូវតែដាក់ទោសស្នើគ្នា។
លោកបន្ថែមថា៖ “ទោះបីលោក ជាម យៀប មិនមែនជាអ្នកកាន់ចង្កូតឡានក៏ដោយ តែគាត់គឺជាមា្ចស់ឡាន ដែលសិទ្ធិឲ្យអ្នកកាន់ចង្កូតឡានហ្នឹង កាន់ចង្កូតឡានជំនួសគាត់ ដូច្នេះហើយគឺទាំងគាត់ដែលជាម្នាស់ឡាន ហើយនិងអ្នកបើកឡានរបស់គាត់ហ្នឹង គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺច្បាប់ត្រូវតែចាត់វិធានការ ព្រោះអាហ្នឹងជាបទល្មើសជាក់ស្តែង បុកគេងាប់ជាបទល្មើសជាក់ស្តែង”។
វិអូឌីមិនអាចសុំការឆ្លើយតបពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បានទេ ដោយទូរសព្ទមិនចូល។
គួរបញ្ជាក់ថា ក្រោយពីមានការផ្សាយវីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ពិសិដ្ឋ បានផ្តួលខ្លួនឯងនៅមុខរថយន្តមួយគ្រឿងរបស់មន្រ្តីគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករិះគន់យ៉ាង ច្រើនលើនគរបាលរូបនោះថាធ្វើពុត ដោយមានអ្នកខ្លះសម្តែងធ្វើត្រាប់ និងអ្នកខ្លះទៀតបាន ចេញវីដេអូឃ្លីបនិយាយចំអក ហើយទាមទារតុលាការត្រូវផ្តល់យុត្តិធម៌ជូនលោក ឌិន ពុទ្ធី។
នៅថ្ងៃទី២៩ធ្នូនេះដែរ ពលរដ្ឋរាប់រយនាក់បាននាំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ដើម្បីទាមទារឲ្យផ្តល់យុត្តិធម៌និងដោះលេងលោក ឌិន ពុទ្ធី ឲ្យមានសេរីភាពវិញ។
តែយ៉ាងណាកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦នេះ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអះអាងថា បើតាមភស្តុតាងបឋមទាំងអស់ដែលខ្លួនបានរកឃើញ ប៉ូលីសឈ្មោះ ឈាន ពិសិដ្ឋ ពិតជាបានរងបួសនៅជើងស្ដាំង ដោយសារតែមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី បើកឡានបុករហូតដល់ដួលសន្លប់ មិនមែនជាការធ្វើពុតដើម្បីទម្លាក់កំហុសទៅលើ លោក ឌិន ពុទ្ធី ដូចការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនឡើយ៕
VOD
ដោយ លោក ឃុត សុគន្ធ

No comments:
Post a Comment